តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានដឹកនាំលោកនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងសហការីចំនួន៣០នាក់ ចុះដាំដើមឈើនៅទីតាំងដីដែលជាអំណោយរបស់លោក KOJI KANZAKI ជនជាតិជប៉ុន ស្ថិតនៅភូមិល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការកែលម្អ និងប្រែក្លាយទីតាំងដីខាងលើនេះ ឱ្យទៅជាសួនដើមឈើ សម្រាប់ឱ្យប្រជាពលរដ្ឋបានមកហាត់ប្រាណ និងដើរលំហែរកម្សាន្ត។
ក្នុងជំហានដំបូង ក្រុមការងាររបស់មន្ទីរ បានដាំដើមឈើសាគូរ៉ាក្នុងថ្ងៃនេះចំនួន៣៦ដើម និងបន្តអនុវត្តការងារដាំដើមឈើបន្តទៀតឱ្យបានរួចរាល់ក្នុងរយៈពេល១សប្ដាហ៍ខាងមុខ ក្នុងគម្រោងដាំដើមឈើ ៤ប្រភេទ សរុបចំនួន ២៩៣ដើម ក្នុងនោះ ដើមសាគូរ៉ា ៧៤ដើម ដើមធ្នង់ឈាមមាន់ ៨៧ដើម ដើមគ្រាប់បែក ៦៦ដើម និងដើមរាំងទឹក ៦៦ដើម បន្ថែមពីលើដើមឈើមានស្រាប់នៅក្នុងបរិវេណដី ៤១ប្រភេទ សរុបចំនួន ៦៩២ដើម ដែលលប់ទៅដោយប្រភេទដើមគ្រាប់បែក សាគូរ៉ា ធ្នង់ អាកាស្យា ចាន់គិរី ឈើទាល។