នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ក្នុងកម្មវិធីប្រមូលផលដំណាំបន្លែ នៅបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលជាលទ្ធផលបានពីកម្មវិធី ចលនា «យើងរួមគ្នាដើម្បីជាតិ» ដែលជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ ជួយជំរុញចលនាការដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់សមរភូមិមុខ។ ដំណាំបន្លែដែលបានប្រមូលផលនៅព្រឹកនេះ ត្រូវបានលោកជំទាវបណ្ឌិតដឹកនាំដាំកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
ការប្រមូលផលដំណាំបន្លែមានចំនួន៤៦រង បន្លែ៥ប្រភេទ(ស្ពៃក្រញាញ់ ស្ពៃតឿ សាឡាត់ ត្រកួន ខាត់ណាដើម) ប្រមាណជាង១តោន រួមជាមួយការប្រមូលផលដំណាំបន្លែពីសាលារៀនផ្សេងៗទៀតនៅទូទាំងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនយកទៅដោយផ្ទាល់សម្រាប់ឧបត្ថម្ភដល់កងកម្លាំងការពារទឹកដីតាមព្រំដែននៅសមរភូមិមុខក្នុងខេត្តព្រះវិហារ និងខេត្តផ្សេងៗទៀតនៅតាមបណ្ដោយព្រំដែនកម្ពជា-ថៃ។