ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ប៉ុក វីរៈ ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក លោក នឹម មករា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក លោក លីម ស៊ុនឆ័យ មន្ត្រីការិយាល័យផែនការ គណបេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដែលប្រព្រឹត្តិទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលមានសិក្ខាកាមចូលរួមមកពីរាជធានីខេត្តចំនួន០៧ រួមមាន៖ រាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ កោះកុង កែប ព្រៃវែង និងព្រះសីហនុ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ ដើម្បីផ្តល់ជាចំណេះដឹងអំពីការថែរក្សាសុវត្ថិភាពកុំព្យូទ័រ ដើម្បីជៀសវាងការយឺតយ៉ាវ ឬការរាំងស្ទះការអនុវត្តការងារ ដែលបណ្តាលមកពីបញ្ហានានាដូចជា កុំព្យូទ័រដំណើរការមិនប្រក្រតី កុំព្យូទ័រគាំងមិនដំណើរការ និងបញ្ហាដោយសារការឆ្លងមេរោគចូលក្នុងកុំព្យូរទ័រជាដើម។ ការធ្វើបទបង្ហាញអំពីវឌ្ឍនភាពគេហទំព័ររបស់ក្រសួងថ្មី បូករួមជាមួយនឹងគេហទំព័ររបស់មន្ទីរនីមួយៗ និងវិធីសាស្ត្រគ្រប់គ្រងគេហទំព័ររបស់មន្ទីរ ដើម្បីធានាស្ថេរភាព និងបច្ចុប្បន្នភាពនៃគេហទំព័រ។ សិក្ខាសាលានេះទទួលបានចំណេះដឹងអំពី ពពួកមេរោគមួយចំនួនដែលបានកំពុងវាយប្រហារតាមប្រព័ន្ធអ៊ិនធើណែត និងនៅលើកុំព្យូទ័រអំពីលក្ខណៈរបស់វា និងការការពារ ទប់ស្កាត់កុំឱ្យពពួកមេរោគទាំងនោះវាយប្រហារម៉ាស៊ីន ឬប្រព័ន្ធរបស់យើងបាន។ ទន្ទឹមគ្នានេះផងដែរ សិក្ខាសាលានេះទទួលបានការស្វែងយល់កាន់តែស៊ីជម្រៅអំពីការងារប្រើប្រាស់បណ្តាញសង្គមយូធូប (Youtube) ដែលជាបណ្តាញសង្គមមួយកំពុងមានការពេញនិយម។ ជាពិសេសចុងក្រោយនោះគឺមេរៀនអំពីការតភ្ជាប់ និងចែករំលែកឯកសារ ក៏ដូចជាម៉ាស៊ីនព្រីនឱ្យប្រើប្រាស់បានរួមគ្នា មានន័យថាយើងមានម៉ាស៊ីនព្រីនមួយ តែមានអ្នកប្រើប្រាស់ច្រើន អាចព្រីនបានជាមួយគ្នា ដូច្នេះវាសន្សំសំចៃថវិកាបានមួយកម្រិតក្នុងការចំណាយថវិកា។